skip to Main Content

អ្នកនិពន្ធសៀវភៅ Rich Dad, Poor Dad ព្យាករណ៍ថា Bitcoin នឹងកើនឡើងដល់ $350,000

អ្នកនិពន្ធសៀវភៅហិរញ្ញវត្ថុដ៏ល្បីឈ្មោះ Robert Kiyosaki បានព្យាករណ៍ថា Bitcoin នឹងឡើងដល់ $350,000 ត្រឹមថ្ងៃទី 25 ខែសីហា ឆ្នាំ 2024 ។ អ្នកនិពន្ធ “ឪពុកអ្នកមាន ឪពុកអ្នកក្រ” (Rich Dad, Poor Dad) បានគាំទ្រ Bitcoin ជាយូរមកហើយដោយចាត់ទុក Bitcoin ជាជម្រើសជំនួសឱ្យលុយ។

Kiyosaki បានទស្សន៍ទាយថា Bitcoin នឹងឡើងដល់ $350,000 ដោយផ្អែកលើការខ្វះជំនឿរបស់គាត់លើការដឹកនាំរបស់មេដឹកនាំសហរដ្ឋអាមេរិក។ គាត់បានហៅប្រធានាធិបតីអាមេរិក Joe Biden លេខាធិការរតនាគារ Janet Yellen និងប្រធានធនាគារកណ្តាល Jerome Powell ថាជា “អ្នកគ្មានសមត្ថភាពទាំងបីក្នុងជីវិតពិត” (The 3-Stooges in real life) ។

Kiyosaki បានណែនាំឱ្យទិញ Bitcoin បន្ថែមទៀតដើម្បីការពារប្រឆាំងនឹងការគ្រប់គ្រងសេដ្ឋកិច្ចមិនល្អ។ លោក​បាន​រិះគន់​ជា​ញឹក​ញាប់​លើ​ការ​ចំណាយ​ stimulus របស់​រដ្ឋាភិបាល​អាមេរិកដើម្បីជំរុញសេដ្ឋកិច្ចក្នុងអំឡុងពេលនៃវិបត្តិសេដ្ឋកិច្ច និង​គោលនយោបាយ​បោះពុម្ព​លុយ​របស់​ Biden។

សម្រាប់ Bitcoin ឡើងដល់តម្លៃនេះនៅខែសីហា (ក្នុងរយៈពេលពីរខែនេះ) វានឹងត្រូវកើនឡើងលើសពី 380% ពីតម្លៃបច្ចុប្បន្នគឺជិត $71,000 ។

ទោះជាយ៉ាងណាក៏ដោយអ្នកនិពន្ធមើលឃើញពីសក្តានុពលសម្រាប់ការកើនឡើងរបស់ Bitcoin នៅពេលឆាប់ៗនេះដោយហៅការព្យាករណ៍របស់គាត់ថា “មិនមែនជាការកុហកទេ” ។ 

ការព្យាករណ៍មួយនេះកើតឡើងបន្ទាប់ពីមានការកើនឡើងការវិនិយោគ Bitcoin ETFs របស់សហរដ្ឋអាមេរិកដែលបានឃើញការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតទីពីរដែលមិនធ្លាប់មានកាលពីថ្ងៃអង្គារដែលមានទឹកប្រាក់ជាង $880 លានដុល្លារ។ ប្រទេសអូស្ត្រាលី និងចក្រភពអង់គ្លេសក៏បានអនុម័ត spot Bitcoin ETFs ផងដែរ។