មូលហេតុមាសបន្តឡើងថ្លៃ
តម្លៃមាសបានបន្តឡើងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីទិន្នន័យតម្លៃអ្នកផលិតអាមេរិកទាបជាងការរំពឹងទុកដែលបានបង្កើនការរំពឹងទុកសម្រាប់ការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំនេះ។ លើសពីនេះ ការព្រួយបារម្ភអំពីភូមិសាស្ត្រនយោបាយដែលកំពុងបន្តបានរួមចំណែកដល់ភាពទាក់ទាញនៃការទិញមាស។
មាសបានកើនឡើង 1.7% ដល់ $2,372 ក្នុងមួយអោន (ounce) ។ កាលពីថ្ងៃអង្គារ តម្លៃមាសដុំ (bullion) បានឡើងដល់កម្រិតខ្ពស់បំផុតសម្រាប់រយៈពេលប្រាំបីថ្ងៃជាប់គ្នា។
របាយការណ៍មួយរបស់ក្រសួងការងារបានបង្ហាញថានៅក្នុងខែមីនា សន្ទស្សន៍តម្លៃអ្នកផលិត (PPI) បានកើនឡើង 0.2% បើធៀបទៅនឹងខែមុនដែលវាទាបជាងការរំពឹងទុកបន្តិចគឺ 0.3% ។
លោក David Meger នាយកផ្នែកជួញដូរលោហធាតុនៅ High Ridge Futures បាននិយាយថា “ទិន្នន័យ PPI គឺទាបជាងការរំពឹងទុកបន្តិច ហើយនេះរក្សាក្តីសង្ឃឹមនៃការកាត់បន្ថយអត្រាការប្រាក់ដែលអាចកើតឡើងនៅចុងឆ្នាំនេះ ជាលទ្ធផលមាសបានឡើងថ្លៃ” ។
អ្នកជួញដូរកំពុងភ្នាល់ថា Fed (ធនាគារកណ្តាល) អាចនឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់នៅកិច្ចប្រជុំចុងខែកក្កដា បន្ទាប់ពីការចេញផ្សាយទិន្នន័យអតិផរណា។
មាសជាធម្មតាត្រូវបានគេមើលឃើញថាជាមធ្យោបាយប្រឆាំងនឹងអតិផរណា ប៉ុន្តែនៅពេលដែលអត្រាការប្រាក់កើនឡើង ភាពទាក់ទាញនៃការកាន់មាសក្នុងដៃដែលមិនផ្តល់ការប្រាក់នឹងថយចុះ។
ទន្ទឹមនឹងនេះ ទិន្នន័យកាលពីថ្ងៃពុធបានបង្ហាញថា ថ្លៃទំនិញប្រើប្រាស់របស់សហរដ្ឋអាមេរិកបានកើនឡើងច្រើនជាងការរំពឹងទុកនៅក្នុងខែមីនា។
ចំណែកប្រាក់ (silver) វិញបានឡើង 0.6% ដល់ $28.14 ក្នុងមួយអោន។ ផ្លាទីនក៏បានកើនឡើង 2.2% ដល់ $981.10 ផងដែរ។