ប្រភេទនៃ Cryptocurrency និងករណីប្រើប្រាស់
បច្ចុប្បន្នមានរូបិយប័ណ្ណគ្រីបតូជាង 20,000 នៅក្នុងទីផ្សារគ្រីបតូ។ គ្រីបតូភាគច្រើនមានការប្រើប្រាស់ជាក់លាក់ ឬគោលបំណងដើម្បីដោះស្រាយបញ្ហាតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា blockchain ។ អត្ថបទនេះនឹងមើលលើករណីប្រើប្រាស់នៃប្រភេទរូបិយប័ណ្ណឌីជីថលដ៏ពេញនិយមចំនួនប្រាំមួយ និងពន្យល់ពីភាពខុសគ្នាសំខាន់ៗ។
កាក់ទូទាត់ – Payment coins
កាក់ទូទាត់ត្រូវបានប្រើជាទម្រង់នៃប្រាក់ឌីជីថលដើម្បីទូទាត់ទំនិញ និងសេវាកម្ម ក៏ដូចជាផ្ទេរតម្លៃពីភាគីមួយទៅភាគីមួយទៀត។ កាក់ទូទាត់ជារូបិយប័ណ្ណឌីជីថល 100% ជំនួសឲ្យរូបិយប័ណ្ណធម្មតា fiat ដូចជាប្រាក់ដុល្លារអាមេរិក។ អ្នកអាចប្រើកាក់ទូទាត់ដើម្បីទិញអាហារ ឡាន និងសំបុត្រយន្តហោះ។ នេះមានន័យថា cryptocurrencies អាចជាឃ្លាំងនៃតម្លៃ និងជួយសម្រួលដល់ការទូទាត់ ដោយសារពួកគេមានតម្លៃទីផ្សារស្របច្បាប់។
កាក់ទូទាត់នៅតែមានផ្លូវដ៏វែងឆ្ងាយមុនពេលវាមានល្បឿនលឿន ឬអាចទុកចិត្តបានដូចបណ្តាញទូទាត់ដែលបានបង្កើតឡើងដូចជា Visa យ៉ាងណាក៏ដោយពួកគេកំពុងតែត្រូវបានកែលម្អជារៀងរាល់ថ្ងៃ។
តើអ្នកដឹងទេ? Bitcoin អាចដំណើរការបានតែប្រាំពីរប្រតិបត្តិការក្នុងមួយវិនាទីប៉ុណ្ណោះ ដែលមានកំរិតបើប្រៀបធៀបទៅនឹងបណ្តាញ Visa គឺមានដល់ទៅ 1,700។ បណ្តាញនេះមានគោលបំណងដោះស្រាយបញ្ហានេះដោយធ្វើប្រតិបត្តិការជាក់លាក់នៅខាងក្រៅ Bitcoin blockchain ដើម និងផ្សាយតែព័ត៌មានសំខាន់ៗប៉ុណ្ណោះ។ ការធ្វើបែបនេះអាចបង្កើនល្បឿននៃប្រតិបត្តិការ ខណៈដែលការតម្លៃប្រតិបត្តិការធ្លាក់ចុះយ៉ាងខ្លាំង។
ឧទាហរណ៍នៃកាក់ទូទាត់
Bitcoin, Litecoin និង Digibyte គឺជាឧទាហរណ៍ដ៏ល្អមួយចំនួននៃកាក់ទូទាត់។ Bitcoin គឺល្បីល្បាញបំផុត ទោះជាយ៉ាងណាក៏ដោយ ដោយសារតែពេលវេលាប្រតិបត្តិការយឺត និងថ្លៃប្រតិបត្តិការខ្ពស់ វាមិនត្រូវបានគេប្រើយ៉ាងទូលំទូលាយសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃនោះទេ។ Litecoin និង Digibyte មិនសូវល្បីដូច Bitcoin តែវាអាចដំណើរការប្រតិបត្តិការក្នុងល្បឿនលឿនជាង និងតម្លៃប្រតិបត្តិការទាបដែលធ្វើឱ្យវាសាកសមសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។
កាក់ស្ថេរភាព – Stablecoins
Stablecoins ប្រៀបដូចនឹងទ្រព្យសកម្ម និងរូបិយប័ណ្ណទូទៅដូចជាប្រាក់ដុល្លារអាមេរិក ប្រាក់អឺរ៉ូ ឬប្រាក់យ៉េន ដែលមិនផ្លាស់ប្តូរតម្លៃច្រើន។ នេះគឺផ្ទុយពីរូបិយប័ណ្ណឌីជីថលផ្សេងទៀត ដែលអាចឡើងថ្លៃ ឬចុះដោយមិនមានការជូនដំណឹងជាមុន។ Stablecoins ផ្តល់កន្លែងសុវត្ថិភាពមួយដើម្បីរក្សាប្រាក់របស់អ្នកដោយមិនទទួលរងនូវការប្រែប្រួលតម្លៃ។ ពួកគេក៏ផ្តល់ជម្រើសនៃការផ្ទេរតម្លៃរវាងបុគ្គល និងស្ថាប័នហិរញ្ញវត្ថុនៅក្នុងតំបន់ដែលមានសេដ្ឋកិច្ចចលាចល និងរូបិយប័ណ្ណមិនស្ថិតស្ថេរ។
Stablecoins មានអត្ថប្រយោជន៍ជាច្រើនលើរូបិយប័ណ្ណដែលចេញដោយរដ្ឋាភិបាល ដូចជាប្រាក់ដុល្លារអាមេរិក ឬប្រាក់អឺរ៉ូ។ ការផ្ទេរប្រាក់ Stablecoin មានតម្លៃថោកជាង លឿនដូចផ្លេកបន្ទោរ ហើយអាចប្រើប្រាស់បានគ្រប់ទីកន្លែងក្នុងពិភពលោកដោយមិនត្រូវការឆ្លងកាត់តាមធនាគារ។
ឧទាហរណ៍នៃកាក់ស្ថេរភាព
Tether (USDT) និងកាក់ USD (USDC) គឺជាកាក់ស្ថេរភាពដ៏ល្បីបំផុតពីរ ហើយក៏ជាផ្នែកធំនៃបរិមាណជួញដូរនៅក្នុងទីផ្សារគ្រីបតូជុំវិញពិភពលោក។ USDC ត្រូវបានប្រើប្រាស់ដោយស្ថាប័នជាច្រើននៅក្នុងសហរដ្ឋអាមេរិក។ ម្យ៉ាងវិញទៀត USDT ត្រូវបានចេញដោយក្រុមហ៊ុន Tether ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ហើយត្រូវបានពេញចិត្តដោយពាណិជ្ជករ និងអ្នកវិនិយោគជុំវិញពិភពលោកដោយសារតែចំនួននៃ trading pairs ដ៏ប្រសើរលើ exchanges ផ្សេងៗ។
វេទិកាកិច្ចសន្យាឆ្លាតវៃ – Smart contract platforms
វេទិកាកិច្ចសន្យាឆ្លាតវៃផ្តល់នូវក្របខ័ណ្ឌដ៏រឹងមាំ និងសុវត្ថិភាពសម្រាប់ការអនុវត្តកិច្ចសន្យាឆ្លាតវៃ។ យើងប្រើកិច្ចសន្យាធម្មតាជារៀងរាល់ថ្ងៃ ជាឧទាហរណ៍ កិច្ចសន្យាការងារធានាថាអ្នកនឹងទទួលបានចំនួនប្រាក់ខែជាក់លាក់មួយដើម្បីអនុវត្តលើភារកិច្ចជាក់លាក់មួយ។ ប្រសិនបើអ្នកទិញផ្ទះ អ្នកនឹងចុះហត្ថលេខាលើកិច្ចសន្យាដែលធានាអ្នកនូវកម្មសិទ្ធិផ្ទះ និងដីក្នុងលក្ខខណ្ឌជាក់លាក់មួយដែលជាថ្នូរនឹងប្រាក់ដែលបានព្រមព្រៀងគ្នា។
កិច្ចសន្យាឆ្លាតវៃមានមុខងារស្រដៀងគ្នានឹងកិច្ចសន្យាធម្មតាដែរ ប៉ុន្តែពួកវាមានលក្ខណៈទំនើបជាង។ មិនដូចកិច្ចសន្យាធម្មតាទេ ពួកវាមិនពឹងផ្អែកលើភាគីទីបីដែលមានអ្នកនៅកណ្តាលដើម្បីផ្ទៀងផ្ទាត់កិច្ចសន្យានោះ។ ផ្ទុយទៅវិញ កិច្ចសន្យាឆ្លាតវៃប្រើកម្មវិធីកុំព្យូទ័រវិមជ្ឈការ និងមិនអាចប្រែប្រួលក្នុងការអនុវត្តការណែនាំដែលមាននៅក្នុងកិច្ចសន្យា។
កិច្ចសន្យាឆ្លាតវៃអាចត្រូវបានប្រើតាមវិធីផ្សេងៗគ្នា ប៉ុន្តែឧទាហរណ៍សាមញ្ញមួយគឺការភ្នាល់រវាងភាគីពីរ។ មិត្តភ័ក្តិពីរនាក់គឺ ក និងខកំពុងភ្នាល់ថាក្រុមបាល់ទាត់មួយណានឹងឈ្នះការប្រកួតបាល់ទាត់ពិភពលោក។ ក គិតថាអេស្ប៉ាញនឹងឈ្នះ។ ខ គាំទ្រប្រទេសអាល្លឺម៉ង់។ ទាំង ក និងខ ត្រូវបង់ប្រាក់ចំនួនមួយ ដែលត្រូវបានរក្សាទុកដោយសុវត្ថិភាពនៅលើ blockchain រហូតដល់លក្ខខណ្ឌនៃកិច្ចសន្យាត្រូវបានដោះស្រាយ។ ប្រសិនបើអេស្ប៉ាញឈ្នះការប្រកួតបាល់ទាត់ពិភពលោក លោក ក នឹងទទួលបានប្រាក់ទាំងអស់ តែប្រសិនបើអាឡឺម៉ង់ឈ្នះ ខ នឹងទទួលបានវា។ ប្រសិនបើគ្មានក្រុមណាមួយឈ្នះ World Cup ទេ ទាំង ក និងខ នឹងទទួលបានប្រាក់របស់ពួកគេត្រឡប់មកវិញ។
ឧទាហរណ៍នៃវេទិកាកិច្ចសន្យាឆ្លាតវៃ
Ethereum និង Solana គឺជាឧទាហរណ៍ដ៏ល្អនៃវេទិកាកិច្ចសន្យាឆ្លាតវៃ។ Ethereum គឺជាបណ្តាញវិមជ្ឈការ ដែលត្រូវបានធានាសុវត្ថិភាពដោយថ្នាំង nodes រាប់ពាន់ (កុំព្យូទ័រដែលដំណើរការដោយបណ្តាញ Ethereum blockchain) នៅជុំវិញពិភពលោកដែលយោងគ្នាទៅវិញទៅមកទោះបីមានកំណែខុសគ្នាលើblockchain ដើម្បីផ្ទៀងផ្ទាត់ថាតើប្រតិបត្តិការ ឬកិច្ចសន្យាឆ្លាតវៃនោះគឺស្របច្បាប់។
Ether (ETH) គឺជារូបិយប័ណ្ណដែលផ្តល់ថាមពលដល់ប្រព័ន្ធអេកូឡូស៊ី Ethereum នៃកម្មវិធីវិមជ្ឈការ (dApps)។ វាត្រូវបានផ្តល់រង្វាន់ដល់អ្នកជីករ៉ែ miner សម្រាប់ការរក្សាបណ្តាញ Ethereum ឲ្យមានសុវត្ថិភាព។ រាល់ពេលដែលប្រតិបត្តិការ ឬកិច្ចសន្យាឆ្លាតវៃត្រូវបានបង្កើតឡើង ថ្លៃសេវាត្រូវបង់ជា Ether។ Solana ត្រូវបានចេញផ្សាយក្នុងឆ្នាំ 2020 ហើយត្រូវបានអ្នកខ្លះចាត់ទុកថាជាកាក់សម្លាប់ Ethereum ដោយសារតែល្បឿនប្រតិបត្តិការលឿនជាង និងតម្លៃប្រតិបត្តិការទាបជាង។
កាក់ DeFi – DeFi coins
ហិរញ្ញវត្ថុវិមជ្ឈការ Decentralized finance (DeFi) ផ្តល់សេវាកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើងនៅលើបណ្តាញសុវត្ថិភាព និងចែកចាយ distributed network។ បណ្តាញ DeFi មិនត្រូវបានគ្រប់គ្រងដោយអាជ្ញាធរកណ្តាល នេះមានន័យថាពួកវាមានល្បឿនលឿន និងអនុញ្ញាតឲ្យអ្នកប្រើគ្រប់គ្រងប្រាក់របស់ពួកគេបានកាន់តែច្រើន។
ឧទាហរណ៍នៃកាក់ DeFi
UniSwap និង Chainlink គឺជាសេវាកម្មលេចធ្លោបំផុតពីរក្នុង DeFi ។ UniSwap គឺជា exchange រូបិយប័ណ្ណគ្រីបតូវិមជ្ឈការមួយដ៏ពេញនិយមដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទិញគ្រីបតូពីអ្នកដទៃដោយមិនចាំបាច់មានភាគីទីបី គេក៏អាចរក្សាទុកកាក់របស់ពួកគេនៅលើ UniSwap ផងដែរ។ Chainlink គឺជាវេទិកាវិមជ្ឈការដែលជួយក្នុងការធ្វើឲ្យកិច្ចសន្យាឆ្លាតវៃកាន់តែមានឥទ្ធិពលតាមរយៈការទាញយកព័ត៌មាននៅក្រៅបណ្តាញ blockchain យកមកប្រើ និងផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះជាមួយនឹងទិន្នន័យនៅលើ blockchain។
កត់ចំណាំ ជាទូទៅ វាជាគំនិតល្អក្នុងការបែងចែក diversify ទ្រព្យសកម្មគ្រីបតូដែលអ្នករក្សាទុកការវិនិយោគរបស់អ្នក និងកន្លែងដែលអ្នករក្សាទុកពួកវាដើម្បីការពារការវិនិយោគរបស់អ្នកក្នុងករណីមានការក្លែងបន្លំ ឬការលួចចូល។
កាក់ឯកជនភាព – Privacy coins
កាក់ឯកជនភាព គឺជាកាក់គ្រីបតូដែលត្រូវបានរចនាឡើងដើម្បីបង្កើនភាពឯកជន និងអនាមិករបស់អ្នកប្រើប្រាស់។ មានការយល់ខុសខ្លះថាកាក់ដូចជា Bitcoin គឺជាប្រភេទអនាមិក។ នៅលើផ្ទៃខាងលើ នេះជាការពិត តែដោយសារតែព័ត៌មានលម្អិតនៃអាសយដ្ឋាន និងបរិមាណប្រតិបត្តិការ transaction volume ត្រូវបានរក្សាទុកនៅលើសៀវភៅកត់ត្រាសាធារណៈ public ledgers។ អ្នកដែលមានជំនាញអាចតាមដានពីប្រតិបត្តិការត្រឡប់ទៅកាន់កាបូប wallets វិញបាន ឬដឹងពីគ្រីបតូ exchange ណាដែលអ្នកប្រើប្រាស់បានទិញកាក់ពីដំបូង។ កាក់ឯកជនភាពមានសៀវភៅកត់ត្រាឯកជន private ledgers ឬមានក្បួនដោះស្រាយស្មុគស្មាញ complex algorithms ដើម្បីបិទបាំងអាសយដ្ឋាន និងបរិមាណប្រតិបត្តិការ។
ឧទាហរណ៍នៃកាក់ឯកជនភាព
Monero និង Zcash គឺជាឧទាហរណ៍ល្អនៃកាក់ឯកជនភាពដែលមានប្រសិទ្ធភាពខ្ពស់។ Monero គឺជាកាក់ឯកជនភាពដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយបំផុត ហើយត្រូវបានមនុស្សជាច្រើនចាត់ទុកថាជាស្តង់ដារមាសដោយសារតែក្បួនដោះស្រាយស្មុគស្មាញដែលវាប្រើដើម្បីបិទបាំងអាសយដ្ឋាន ចំនួនប្រតិបត្តិការ និងប្រវត្តិប្រតិបត្តិការ។ Zcash ប្រើបច្ចេកវិទ្យាផ្សេងមួយទៀត ប៉ុន្តែមានសមត្ថភាពខ្លាំងដូចគ្នា និងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើប្រតិបត្តិការបែបសាធារណៈ ឬឯកជន។
រដ្ឋាភិបាលមួយចំនួនជុំវិញពិភពលោកមានការព្រួយបារម្ភអំពីរូបិយប័ណ្ណឯកជនដែលមិនអាចតាមដានបាន ហើយបានផ្តល់វេទិកាសម្រាប់ការទូទាត់តាមឌីជីថលដូចជា Monero ជាដើម។ ដោយសារតែបណ្តាញទូទាត់ទាំងនេះមានលក្ខណៈឯកជន មានអំណះអំណាងថាកាក់ឌីជីថលទាំងនេះអាចត្រូវបានប្រើជាថ្នូរនឹងទំនិញ និងសេវាកម្មខុសច្បាប់។ អ្នកតស៊ូមតិកាក់ឯកជនអះអាងថា សាច់ប្រាក់ក៏អាចប្រើប្រាស់បានដូចគ្នា ហើយរដ្ឋាភិបាលមិនគួរមានសិទ្ធិចូលប្រើទិន្នន័យឯកជន ឬទម្លាប់ចំណាយរបស់យើងទេ។ ជារឿយៗ កាក់ឯកជនភាពជាគោលដៅនៃបទប្បញ្ញត្តិរបស់រដ្ឋាភិបាល។ Exchanges ជាច្រើនមិនត្រូវបានអនុញ្ញាតឲ្យចុះបញ្ជី Monero និងកាក់ឯកជនភាពផ្សេងទៀតនោះទេ។
NFT
គឺជាវត្ថុដែលអាចប្រមូលទុកបែបឌីជីថលតែមួយគត់ ដូចជាវត្ថុដើមនៃសិល្បៈ សៀវភៅ និងហ្គេម។ NFTs ត្រូវបានគេចាត់ទុកថាមានតម្លៃដោយសារតែពួកគេបង្ហាញពីភាពជាម្ចាស់នៃទ្រព្យសកម្មតែមួយគត់ដែលធ្វើឲ្យអ្នកផ្សេងទៀតក៏ចង់បានវា។ វេទិកា NFT អនុញ្ញាតឲ្យអ្នកប្រើបង្កើត mint ទិញ និងលក់ NFT ។ ពួកគេអាចទិញបាននៅលើទីផ្សារ NFT ដូចជា OpenSea, Foundation និង Enjin Marketplace ហើយវាអាចត្រូវបានរក្សាទុកនៅលើកាបូបឌីជីថលផ្នែករឹង hardware wallets ឬការបូបឌីជីថលដែលប្រើ Ethereum ដូចនឹងរូបិយប័ណ្ណគ្រីបតូផ្សេងទៀតដែរ។
តើអ្នកដឹងទេ? - Did you know? វិចិត្រករឌីជីថលជនជាតិអាមេរិក Beeple បានលក់ស្នាដៃសិល្បៈ NFT របស់គាត់គឺ ‘5,000 ថ្ងៃដំបូង’ ‘The First 5,000 Days’ ក្នុងតម្លៃ 69 លានដុល្លារអាមេរិកក្នុងខែមីនា ឆ្នាំ 2021។ វាបានលក់តាមរយៈផ្ទះដេញថ្លៃរបស់ Christie ដែលនេះជាលើកទីមួយហើយដែលផ្ទះដេញថ្លៃធំមួយបានលក់ NFT ។
ឧទាហរណ៍នៃគម្រោង NFT
គម្រោងគ្រីបតូពីរដែលផ្តល់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់វេទិកា NFT គឺ Decentraland និង Enjin។ Decentraland គឺជាពិភពនិម្មិត virtual world ដ៏អស្ចារ្យដែលត្រូវបានគេស្គាល់ថាជា Metaverse ដែលអ្នកប្រើប្រាស់អាចរស់នៅបែបឌីជីថល និងរុករកបាន។ អ្នកលេងអាចបង្កើត ទិញ និងលក់ទ្រព្យសម្បត្តិឌីជីថលតែមួយគត់ (NFTs) ដូចជាដី ផ្ទះ រូបតំណាង តួអង្គ និងសំលៀកបំពាក់។ Enjin គឺជាវេទិកាដ៏ទំនើបមួយដែលត្រូវបានបង្កើតឡើងជុំវិញការលេងហ្គេម។ វេទិកានេះមានគោលបំណងធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការបង្កើត ទិញ និងលក់ថូខឹនឌីជីថល digital tokens តែមួយគត់នៅទូទាំងវេទិកាហ្គេម។ វេទិកា Enjin បច្ចុប្បន្ន គាំទ្រ NFTs ជាងពីរពាន់លាន ហើយកំពុងកើនឡើងជារៀងរាល់ថ្ងៃ។
សង្ខេបឡើងវិញ
អត្ថបទនេះត្រូវបានសរសេរឡើងដើម្បីឲ្យអ្នកងាយស្រួលក្នុងការយល់ដឹងកាន់តែច្បាស់អំពីប្រភេទផ្សេងៗនៃរូបិយប័ណ្ណគ្រីបតូ។ ទាំងនេះជាប្រភេទកាក់ចម្បងនៅក្នុងទីផ្សារគ្រីបតូ តែនៅមានប្រភេទកាក់ផ្សេងទៀត។ ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមអំពីកិច្ចសន្យាឆ្លាតវៃ DeFi កាក់ស្ថិរភាព ឬNFTs CamAusLife Academy នឹងមានធនធានជាច្រើនទៀតលើប្រធានបទទាំងនេះ។